ហួសចិត្ត ប្តីលួចចិញ្ចឹមស្រីស្នេហ៍ លាក់ប្រពន្ធជិតឈឹង អស់រយៈពេល១០ឆ្នាំមកហើយ មិនដែលបែកធ្លាយសោះ ទើបបែកការ ពេលប្រពន្ធដាក់បង្កប់ប្រព័ន្ធជីភីអេសនៅម៉ូតូប្តីដើម្បីតាមដាន ស្រាប់តែឃើញប្តីជិះម៉ូតូទៅផ្លូវផ្សេងមិនមកផ្ទះ បែជាទៅបន្ទប់ជួល ដេកជាមួយស្រីស្នេហ៍

ស្ត្រីម្នាក់បានចាប់ផ្តើមសង្កេតឃើញអត្តចរិត និងទង្វើរបស់ប្តី ហាក់ប្រែប្រួលខុសប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការសង្ស័យថា ប្តីកំពុងបែកចិត្ត លួចលាក់មានស្រីថ្មី ក៏លួចទៅបង្កប់ដាក់ប្រព័ន្ធ ជីភីអេស​ក្នុងម៉ូតូរបស់ប្តី រួចក៏ព្យាយាមតាមប្តីគ្រប់ជំហាន ទីបំផុតក៏តាមទាន់ដឹងថា ប្តីពិតជាកំពុងលួចលាក់មានស្រីស្នេហ៍ពិតមែន ទើបតាមទៅដល់បន្ទប់ជួល រួចខ្ទប់ទ្វារចាក់សោជាប់ពីក្រៅ បន្ទាប់មករត់ទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

ហេតុការណ៍ប្រពន្ធបង្កប់ជីភីអេសដើម្បីតាមដានឃើញប្តីកំពុងសម្ងំរួមស្នេហ៍ជាមួយស្រីថ្មីក្នុងបន្ទប់ជួលខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង​ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាប្តីដែលត្រូវប្រពន្ធតាមទាន់ឃើញកំពុងនៅក្នុងបន្ទប់ជួលជាមួយស្រីស្នេហ៍នេះ មានឈ្មោះភា អាយុ៣៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន រស់នៅភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកស្ត្រីជាប្រពន្ធដើម ឈ្មោះហៅ ចាន់រស្មី មានកូន ២នាក់ក្នុងបន្ទុក។ ដោយឡែកស្រីស្នេហ៍ លួចលាក់មិនស្គាល់អត្តសញ្ញាណទេ តែមានកូនស្រីម្នាក់ក្នុងបន្ទុក និងមានលំនៅក្នុងផ្ទះជួលកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធដើមបានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធពួកគាត់បានរៀបការនឹងគ្នាជាច្រើនឆ្នាំមកហើយ ដោយបានរួមរស់បង្កើតបានកូនចំនួន ២នាក់ជាចំណងដៃ ដោយក្នុងនោះ កូនបងអាយុ១៥ឆ្នាំ ចំណែកកូនប្អូនអាយុជាង៤ឆ្នាំបាត់ទៅហើយ។

តាមពិតប្តីរបស់គាត់ បានលួចលាក់មានស្រីថ្មីអស់រយៈពេលជាង៥ឆ្នាំមកហើយ តែគាត់ជាប្រពន្ធមិនដែលតាមទាន់ជាក់ស្តែងឃើញច្បាស់នឹងភ្នែកដូចពេលនេះទេ។

ស្ត្រីជាប្រពន្ធដើមរូបនេះ បន្តថា នៅមុនពេលកើតហេតុ ដោយសារតែសង្កេតឃើញទាំងចរិតឬកពា កាយវិការសម្តីសំដៅរបស់ប្តី ពីមួយថ្ងៃទៅមួយថ្ងៃហាក់មានគួរសង្ស័យថាកំពុងលួចលាក់មានស្រីថ្មី ប៉ុន្តែដោយសារមិនដែលតាមទាន់គ្មានភ័ស្តុតាងសម្រាប់ចោទប្រកាន់ ទើបគាត់បានលួចទៅដាក់បង្កប់ប្រព័ន្ធជីភីអេស តាមម៉ូតូរបស់ប្តីគាត់ បន្ទាប់ពីប្តីរបស់គាត់បានជិះម៉ូតូមកដេកជាមួយស្រីស្នេហ៍ ទើបគាត់បានតាមដានដឹង ក៏ហៅទាំងបងប្អូន នាំគ្នាមកឃើញស្តែងនឹងភ្នែកថា ប្តីរបស់ខ្លួនមករស់នៅបន្ទប់ខាងលើ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះតែម្តង។ ហើយភ្លាមនោះ ដើម្បីកុំឱ្យប្តីគេចខ្លួនបាន ទើបគាត់ជាប្រពន្ធបានយកសោ មកចាក់ពីខាងក្រៅ រួចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមភ្លាមតែម្តង

ខណៈពេលនោះ ម្ចាស់ផ្ទះមិនឱ្យស្ត្រីជាប្រពន្ធដើម ចាក់សោពីខាងក្រៅ និងមិនឱ្យធាក់បន្ទប់ជួលខាងលើទេ គឺរង់ចាំសមត្ថកិច្ចមកចាត់ការតាមនីតិវិធីវិញ ។

ប្រភពដដែលបន្តទៀតថា បន្ទាប់ពីសមត្ថកិច្ចនគរបាល​មកដល់បានណែនាំស្ត្រីជាប្រពន្ធដើម និងបុរសជាប្តីឱ្យទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល​ តែប្រពន្ធដើមមិនអស់ចិត្តចង់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ នាំស្ត្រីជាប្រពន្ធលួចលាក់យកទៅណែនាំនៅប៉ុស្តិ៍ដែរ ប៉ុន្តែសមត្ថកិច្ចមិនបាននាំស្ត្រីជាប្រពន្ធលួចលាក់ទៅប៉ុស្តិ៍នោះឡើយ។

បន្ទាប់ពីការណែនាំម្តងជាពីរដងរួច បុរសជាប្តី និងស្ត្រីជាប្រពន្ធដើម បានមកប៉ុស្តិ៍ ហើយសមត្ថកិច្ចណែនាំករណីលួចលាក់មានស្រីថ្មី បើប្រពន្ធតាមទាន់ប្តីមានសហាយ គឺប្រពន្ធអាចប្តឹងសមត្ថកិច្ចឃាត់ប្តី មិនមែនឃាត់ស្ត្រីជាប្រពន្ធលួចលាក់នោះទេ។ បើកាលណាប្រពន្ធលួចមានប្រុសថ្មីវិញ ប្តីក៏អាចប្តឹងសមត្ថកិច្ចឃាត់ប្រពន្ធដែរ តែមិនមែនឃាត់ប្រុសដែលលួចលាក់ជាមួយប្រពន្ធនោះដូចគ្នា។

តាមសម្តីបុរសជាប្តី បានឱ្យដឹងថា ប្រពន្ធដែលលួចលាក់ខាងលើ គឺមានការទំនាក់ទំនងស្នេហាអស់រយៈពេល ១០ឆ្នាំមកហើយ មិនមែន៥ឆ្នាំដូចការអះអាងរបស់ប្រពន្ធទេ ហើយថែមទាំងមានកូនស្រីអាយុ៧ឆ្នាំទៀតផង។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចណែនាំហើយ រឿងរ៉ាវខាងលើនេះក៏បានបែកធ្លាយថា បុរសជាប្តី នឹងដោះស្រាយជាមួយប្រពន្ធដើម ដោយលែងលះគ្នានៅសាលាសង្កាត់ ហើយខ្លួនសុំចុះចោលប្រពន្ធ និងកូនទៅដោយខ្លួនទទេ រួចទៅរស់នៅជាមួយប្រពន្ធចុងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed