ប្រពន្ធទើបឡើងមកពីស្រុក ឈ្លក់ទឹកម៉ាស៊ិន ប្តីសង្ស័យប្រពន្ធលួចមានសហាយ ឡើងពួនសម្ងំលើដំបូលផ្ទះ ចាំឃ្លាំមើល ស្រាប់តែឃើញប្រពន្ធ នាំសាហាយមកឡើងឋានសួរដល់បន្ទប់ ប្តីចាក់សោរពីខាងក្រៅ ហើយសុខចិត្តអង្គុយរង់ចាំ ដល់ព្រឹកឡើងទើបប្តឹងប៉ូលិស
ស្ត្រីម្នាក់ ដែលមានប្ដី និងកូនប្រុសម្នាក់រួចទៅហើយ ប៉ុន្តែទំនងជាមិនស្កប់ស្កល់ ឬមកពីបុរសជាប្តីមានកំហុសអ្វីមួយ បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយ នឹងបុរសជាកម្មករសំណង់ម្នាក់ ដោយប្រាប់ប្រុសសហាយនោះថា ខ្លួននាងជាស្រី្តមេម៉ាយអត់មានប្ដីទេ ហើយបាននាំប្រុសសហាយនោះ មកប្រលោមស្នេហ៍ នៅក្នុងបន្ទប់ផ្ទះជួល ដែលខ្លួនស្នាក់នៅ និងបានដេកជាមួយគ្នាយ៉ាងត្រេកត្រអាលថែមទៀតផង ។
ចំពោះអ្នកជិតខាង បន្ទាប់ពីដឹងរឿងនេះហើយ តែងតែលួចខ្សឹបប្រាប់បុរសជាប្តីដែរ ប៉ុន្តែគាត់មិនជឿថាប្រពន្ធខ្លួនហ៊ានប្រព្រឹត្តបែបនេះឡើយ ទោះជាយ៉ាងណាក៏មានការសង្ស័យខ្លះខ្លះដែរ ព្រោះមួយរយៈពេលនេះប្រពន្ធរបស់ខ្លួនឧស្សាហ៍ដើរលេងយប់បាត់បាត់មិនសូវចូលផ្ទះទេ ។ ដោយសារតែឃើញទង្វើប្រពន្ធខ្លួនបែបនេះ ទើបធ្វើឱ្យមានការរកាំរកូស នៅក្នុងរង្វង់គ្រួសារ រហូតឈានដល់ការរស់នៅបែកគ្នាមួយរយៈពេលខ្លី ប៉ុន្តែមិនទាន់បានលែងលះគ្នាឡើយ ។
បន្ទាប់ពីអ្នកជិតខាងប្រាប់រឿងដដែលដដែលនោះច្រើនដងពេក បុរសជាប្ដីក៏បានតាមដាន ដោយឡើងលើដំបូលផ្ទះសម្ងំចាំឃ្លាំមើល ទើបដឹងការពិត ដោយឃើញនាងជាប្រពន្ធនាំប្រុសសហាយចូលទៅដេកជាមួយពិតមែន។ ខណៈនោះ បុរសជាប្តីបានយកសោចាក់ទ្វារពីខាងក្រៅ ហើយទូរស័ព្ទហៅឪពុកម្ដាយឱ្យមកមើល ដើម្បីបានដឹងការពិតទាំងអស់គ្នា ព្រមទាំងប្ដឹងទៅនគរបាលប៉ុស្ដិ៍ ឲ្យទៅនាំខ្លួនប្រពន្ធ និងប្រុសសហាយទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំ។ ជាមួយគ្នានេះ បុរសជាប្តីនេះ ក៏បានទាមទារសំណងជំងឺចិត្តពីប្រពន្ធនិងប្រុសសហាយចំនួន ៤ពាន់ដុល្លារ និងសុំប្ដឹងលែងលះគ្នាផងដែរ ។
បុរសជាប្តី ដែលតាមទាន់ប្រពន្ធមានសហាយនេះឈ្មោះ ហន ថៃ អាយុ២២ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ចំណែកឯប្រពន្ធឈ្មោះ ដួង លីដា អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរដូចគ្នា ។ អ្នកទាំងពីរនាក់នេះមានកូនប្រុសម្នាក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិតាំងបន្ទាយ ឃុំវាលពន់ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ដោយឡែកយុវជនជាប្រុសសហាយឈ្មោះ ជៀម នី អាយុ១៩ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បុរសជាប្តីបានប្រាប់ថា ខ្លួននិងប្រពន្ធបានរៀបការជាមួយគ្នាតាមប្រពៃណីអស់រយៈពេល ៦ឆ្នាំមកហើយ ហើយជាចំណងដៃនៃជីវិតប្តីប្រពន្ធគឺបានកូនប្រុសម្នាក់ ។ បើទោះបីជានាងមានរូបរាងមិនសូវស្អាតក្ដី ប៉ុន្តែខ្លួនស្រលាញ់ប្រពន្ធខ្លាំងណាស់ មិនដែលធ្វើបាបចិត្តនាងម្ដងណាឡើយ ។
ខ្លួនអាណិតនាងខ្លាំងណាស់ ព្រោះនាងជាកូនកំព្រាឪពុកម្ដាយ រស់ជាមួយបងម្នាក់ ចំណែកនាងជាប្រពន្ធក៏ស្រឡាញ់ខ្លួនខ្លាំងណាស់ដែរ ។ ដោយសារជីវភាពគ្រួសារ មានភាពយ៉ាប់យ៉ឺនពេក ទើបខ្លួន និងប្រពន្ធសម្រេចចិត្តនាំគ្នាចាកចេញ ពីស្រុកកំណើត មកភ្នំពេញធ្វើជាកម្មករកម្មការិនីរោងចក្រកាត់ដេរទាំង២នាក់
បុរសជាប្ដីបន្តថា ក្រោយពេលមកដល់ភ្នំពេញមួយរយៈពេលវែង ក៏ចិត្តប្រពន្ធរបស់ខ្លួនគ្មានការប្រែប្រួលដែរ គឺនៅតែស្រលាញ់គ្នាដដែល ហើយទាំងនាងនិងរូបគេជាប្ដី ម្នាក់ម្នាក់គិតតែពីការងាររៀងរៀងខ្លួនប៉ុណ្ណោះ ។ លុះមួយរយៈពេលខ្លីចុងក្រោយនេះ ប្រពន្ធខ្លួនចាប់ផ្ដើមឈ្លក់ទឹកម៉ាស៊ីន មានចិត្តមិនស្មោះត្រង់ លួចទាក់ទងស្នេហាជាមួយប្រុសថ្មី និងបានដើរលេងចោលផ្ទះស្ទើររាល់យប់ ។ ខ្លួនបានណែនាំឱ្យកែខ្លួន ឈប់ដើរលេងយប់ចោលផ្ទះតទៅទៀត ប៉ុន្តែនាងមិនព្រមស្ដាប់តាមទាល់តែសោះ ទើបមានការរកាំរកូសនៅក្នុងគ្រួសារកើតឡើង ហើយខ្លួនបានទៅជួលបន្ទប់ផ្សេងមួយទៀត ស្ថិតនៅជិតនោះដែរ ដើម្បីស្នាក់នៅ ។
ចំណែកអ្នកជិតខាងបានលួចខ្សឹបប្រាប់រូបគេថា ប្រពន្ធមានប្រុសសហាយ ប៉ុន្តែខ្លួនមិនជឿទេ ទោះជាយ៉ាងណាក៏មានការសង្ស័យខ្លះដែរ ។ បន្ទាប់មក ខ្លួនក៏បានតាមដាន ហើយមកដល់យប់ថ្ងៃកើតហេតុ ខ្លួនបានឡើងទៅសម្ងំដេកនៅលើដំបូលផ្ទះចាំឃ្លាំមើល ។ ពេលនោះ ខ្លួនបានឃើញប្រពន្ធដឹកដៃប្រុសសហាយ ចូលទៅដេកនៅក្នុងបន្ទប់ជួលនោះមែន និងបានដេកជាមួយគ្នាជាបន្តបន្ទាប់ ឯរូបខ្លួនជាប្តី បានត្រឹមមើលគេ ឡើងឋានសួរជាមួយប្រពន្ធខ្លួនទៅវិញ
លុះនៅវេលាម៉ោង២រំលងអធ្រាត្រ ទើបខ្លួនចុះពីលើដំបូលផ្ទះមកចាក់សោទ្វារបន្ទប់ពីខាងក្រៅ ។ ខ្លួនគេបានចាំនៅមុខបន្ទប់នោះ រហូតដល់វេលាម៉ោង៧ព្រឹកថ្ងៃដដែលដោយមិនហ៊ានរំខានដំណេកប្រពន្ធ និងសហាយទេ ទើបទូរស័ព្ទហៅឪពុកម្ដាយបង្កើតរបស់ខ្លួន និងបងរបស់ប្រពន្ធឱ្យមកមើលជាក់ស្ដែងឱ្យឃើញផ្ទាល់ភ្នែក ប៉ុន្តែមកតែឪពុកម្ដាយបង្កើតរបស់ខ្លួនទេ ចំណែកបងថ្លៃមិនបានមកឡើយ ។
លុះនៅវេលារសៀលថ្ងៃដដែល ទើបខ្លួន ប្ដឹងទៅនគរបាលប៉ុស្ដិ៍ ឲ្យឃាត់ខ្លួនប្រពន្ធ និងប្រុសសហាយនាំទៅសាកសួរ ហើយខ្លួនក៏សុំប្ដឹងលែងលះ និងទារសំណងជំងឺចិត្តពីប្រពន្ធ និងប្រុសសហាយនោះចំនួន ៤ពាន់ដុល្លារ បើគ្មានលុយឲ្យទេ នឹងឱ្យនគរបាលចាត់ការតាមច្បាប់ ។
ដោយឡែក យុវជនជាប្រុសសហាយនិយាយថា ខ្លួនមិនបានដឹងថា នារីម្នាក់នេះមានប្ដីនិងកូននោះទេ បើដឹងក៏មិនទាក់ទងដែរ ព្រោះនៅពេលមានការទាក់ទងគ្នា នាងប្រាប់ថា ជាស្រី្តមេម៉ាយគ្មានប្ដីឡើយ ។ ជាមួយនេះ នាងបានបង្ខំឱ្យខ្លួនទៅដេកជាមួយខ្លាំងពេក ទើបខ្លួនសុខចិត្តទៅដេកជាមួយ ដើម្បីបំពេញតាមបំណង របស់នាង ដោយមិននឹកស្មានថា មានរឿងបែបនេះកើតឡើងឡើយ ។ មិនមានការបកស្រាយពន្យល់យ៉ាងណា ពីស្ត្រីរូបនេះឡើយជុំវិញហេតុការណ៍ខាងលើនេះ ៕