បុរស២នាក់ បានចូលទៅម៉ាស្សានៅក្នុងហាងម៉ាស្សា កោសជប់ ១កន្លែង លុះទៅដល់ នារីម៉ាស្សាទារលុយមុន ចំនួន ២ម៉ឺនរៀល ហើយរត់គេចបាត់ មិនម៉ាស្សាឲ្យ ធ្វើឲ្យបុរសទាំង២នាក់ខឹង បានជិះម៉ូតូតាមរក លុះរថយន្ត ១គ្រឿង ជារបស់មេធាវីម្នាក់ នឹកស្មានថា នារីម៉ាស្សា នៅក្នុងឡាននោះ ក៏ទាញកែវជប់គប់ បណ្តាលឱ្យបែកកញ្ចក់ រួចព្យាយាមរត់គេចអស់១០ថ្ងៃ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីគប់កញ្ចប់រថយន្តច្រឡំនេះ បានកើតឡើង តាំងពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ខាងត្បូងខ្លោងទ្វារវត្តស្ងួនពេជ្រ ប្រហែល៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ រហូតមកដល់ថ្ងៃទី ២១ ខែម៉ិថនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់។
ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះហៀង ពិសី អាយុ៣២ឆ្នាំ មានលំនៅ ភូមិ ត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល (ជាជនដៃដល់ គឺជាអ្នកគប់) និងទី២-ឈ្មោះវ៉ន គុយនាង អាយុ២៩ឆ្នាំ មានលំនៅ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល (ជាអ្នកបើកបរម៉ូតូដឹកជនដៃដល់)។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តរងគ្រោះ មានឈ្មោះជុំ ធីរិទ្ធ អាយុ៥២ឆ្នាំ មុខរបរមេធាវី មានលំនៅផ្ទះលេខ៧៩ ផ្លូវ 13C ភូមិថ្មដា សង្កា ត់កន្ទោក ខណ្ឌកំបូល។ ដោយឡែក រថយន្តដែលរងការខូចខាត ម៉ាក Lexus GX-470 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2AG-5657។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាព្រឹកព្រលឹមថ្ងៃកើតហេតុ លោកមេធាវីខាងលើ បានបើករថយន្តរបស់ខ្លួន ម៉ាក Lexus GX-470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5657 ចេញពីផ្ទះ នៅភូមិថ្មដា ដោយធ្វើដំណើរតាមផ្លូវបេតុង ភូមិស្ងួនពេជ្រ ក្នុងទិសដៅពីត្បូង ទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ត្រូវបានជនសង្ស័យខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ក្នុងទិសដៅបញ្ច្រាសគ្នា មកដល់ក៏បានធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះ បណ្តាលឱ្យមានស្នាមប្រេះ នៅកញ្ចក់ផ្នែកខាងមុខ រថយន្តចំនួន១កន្លែង និងមានស្នាមទ្រុឌ ១កន្លែង លើគម្របម៉ាស៊ីន រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។
ប្រភពដដែល បន្តថា ក្រោយកើតហេតុ លោកមេធាវីជាម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹង សុំឱ្យនគរបាលប៉ុស្តិ៍កន្ទោក ជួយធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ។ ក្រោយពេលទទួលបានបណ្តឹងនោះហើយ នគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវ អស់រយៈពេល១០ថ្ងៃ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់បាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តខាងលើមែន ប៉ុន្តែពុំមែនមានគំនុំជាមួយម្ចាស់រថយន្តនោះទេ។ មូលហេតុដែលគប់ គឺមុនពេលកើតហេតុ ខ្លួនចូលម៉ាស្សា ក្នុងផ្ទះម៉ាស្សា កោសជប់ មួយកន្លែង ហើយស្រីម៉ាស្សាម្នាក់ យកលុយពួកខ្លួន ចំនួន២ម៉ឺនរៀល រួចរត់បាត់ អត់ម៉ាស្សាឱ្យពួកខ្លួនឡើយ។ បន្ទាប់មក ពួកខ្លួនក៏បានជិះម៉ូតូតាមរក តែអត់ឃើញ លុះឃើញរថយន្តខាងលើ មកដល់ ស្មានថាដឹកស្រីម៉ាស្សានៅខាងក្នុងរថយន្ត ទើបយកកែបជប់ខ្យល់ គប់តែម្តងទៅ។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕