មកដឹងលម្អិត តំណមសំខាន់សំខាន់ទាំង១២ក្នុងថ្ងៃចូលឆ្នាំចិន គ្រូចិនសែ ហាមមិនឲ្យខ្ចីលុយគេចាយ ហាមលេបថ្នាំ ហាមមិនអោយទៅពេទ្យពិនិត្យសុខភាពជាដើម

ពិធីបុណ្យចូលឆ្នាំចិន ២០២៥ នឹងឈានចូលមកដល់នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥ នេះ ខណៈប្រជាជនចិន រួមទាំងបងប្អូនជនជាតិខ្មែរជាប់សែស្រឡាយចិននៅកម្ពុជា បាននិងកំពុងនាំគ្នាត្រៀមរៀបចំពិធីបុណ្យនេះជាបណ្ដើរៗ ដើម្បីអបអរឆ្នាំថ្មី ប្រពៃណីរបស់ជនជាតិចិន។

កៀកនឹងថ្ងៃពិធីបុណ្យសែនចូលឆ្នាំចិនខិតជិតមកដល់ តាមរយៈផេក ហុងស៊ុយ របស់លោកគ្រូចិនសែ ម៉ុង ក៏បានចែករំលែកអំពីត្រណមមួយចំនួន ដែលពុំគួរធ្វើកំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ដែលមានដូចជា ៖

ទី១ ហាមបោកខោអាវ ទេវតាបណ្ដែតលាភសំណាងតាមទឹកដើម្បីឱ្យកូនចៅរបស់លោកងូតទឹក ឬប្រើប្រាស់ គឺសុទ្ធតែទទួលបានលាភសំណាងពេញមួយឆ្នាំ ដូចនេះបើអ្នកបោកខោអាវ ឬ ជូតទឹក គឺអ្នកហាក់ដូចជាប្រមាថ ថែមទាំងហាក់ដូចជាបោកលាភសំណាងឱ្យចេញពីខ្លួនអ្នកដូចគ្នា។

ទី២ ហាមគេងខ្ជិលលើគ្រែ អ្នកអាចគេងយូរបាន តែហាមភ្ញាក់ពីគេងហើយនៅតែមិនព្រមងើបទៅងូតទឹកទើបខុស បើមិនដូចនេះទេ ក្នុងឆ្នាំថ្មីនេះអ្នកអាចខ្ជិល រកស៊ីចាប់ឱកាសមិនទាន់គេ ធ្វើអ្វីអ្វីយូរថ្ងៃ យូរខែ ទើបទទួលផល។

ទី៣ ហាមបោសសំរាម ដោយសារនៅយប់ថ្ងៃទី​ ២៨ ដែលជាថ្ងៃសែននេះ ពេលយប់ទេវតាទ្រព្យលោកចុះមកឋានមនុស្សយើង ដើម្បីចែកមាស ចែកទ្រព្យគ្រប់គ្រប់ផ្ទះ បើអ្នកបោសសំរាម មានន័យអ្នកអាចបោសប៉ះមាស បោសប៉ះទ្រព្យសម្យត្តិ ដែលទេវតាទ្រព្យបោះឱ្យនោះយកទៅចោលបាត់តែម្តង។

តែបើសំរាមអ្នកច្រើន អ្នកអាចបោសដើរចូលក្នុងផ្ទះវិញ ហើយសំរាមនោះទុកក្នុងផ្ទះសិន តែបើសំរាមប្រភេទងាយរលួយ ងាយចេញស្អុយ អ្នកអាចយកទៅបោះចោលបាន។

ទី៤ ហាមធ្វើឱ្យបែកបាក់ របស់នានាក្នុងផ្ទះ បើអ្នកធ្វើឱ្យបែកបាក់របស់អ្វីមួយក្នុងផ្ទះ គឺជាហេតុមិនល្អ ភាគច្រើន ប៉ះលើការបែកបាក់ ឬ ខាតបង់លុយកាក់ដោយសារបញ្ហាបន្ទាន់។ បើអ្នកមិនប្រយ័ត្ន ហើយធ្វើអោយបែករបស់អ្វីមួយ ភ្លាមភ្លាមអ្នកត្រូវស្រែកថា ហេងហេង ហេងហេង ហេងហេង ឬរីកផ្កាកើតទ្រព្យ បន្ទាប់មកយកក្រដាសក្រហមមកខ្ជប់បំណែកបែកបាក់នោះ យកទៅចោល នោះគឺគ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ។

ទី៥ ហាមគេងថ្ងៃ ការគេងថ្ងៃ គឹអាចធ្វើឱ្យបាត់បង់ស្មាររតីក្នុងរកស៊ី ឬធ្វើការងារផ្សេងថែមទាំងអ្នកប្រែជាខ្ជិលជាងឆ្នាំមុនមុនទៀតផង។

ទី៦ ហាមខ្ចីលុយអ្នកដទៃ ងាយយល់ណាស់ បើអ្នកខ្ចីលុយក្នុងថ្ងៃចូលឆ្នាំនេះ ក្នុងឆ្នាំនេះអ្នកអាចមានបញ្ហាលុយកាក់មិនថានៅកន្លែងធ្វើការ ឬនៅផ្ទះនោះទេ។ សំដៅលើបញ្ហាចរន្តលុយហូរអត់ទាន់។

ទី៧ ហាមជេរអ្នកដទៃ ជាពិសេសកូនក្មេង អ្នកជេរអ្នកដទៃកាន់តែច្រើន អ្នកដែលស៊យគឺជាអ្នក ចិត្តអ្នកក្ដៅក្រហល់ ក្រហាយជាងឆ្នាំមុនមុន ឬអាចមានបញ្ហាឡើងតុលាការជាប់គុកជាប់ច្រវាក់ ដោយសារតែសំដីក៏មាន។

ទី៨ កុំប្រើកន្ត្រៃ ឬឧបករណ៍ប្រភេទកាត់ផ្តាច់ច្រើនពេក ព្រោះគេជឿថា អ្នកកំពុងកាត់ផ្លូវហូរនៃលុយកាក់ លាភសំណាង របស់អ្នកឱ្យដាច់។

ទី៩ កុំឱ្យត្រូវរបួស ដោយសារគេជឿថា អ្នកអាចមិនមានសុវត្ថិភាពនោះទេ អ្នកមានរបួស ឬ គ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង។

ទី១០ ហាមផឹកថ្នាំ បើមិនចាំបាច់ទេ កុំផឹកថ្នាំអី ក្នុងថ្ងៃចូលឆ្នាំនេះ ព្រោះគេជឿថា អ្នកមានសុខភាពមិនល្អ ងាយឈឺនេះ ងាយឈឺនោះ។

ទី១១ ហាមកាត់សក់ ព្រោះគេជឿថា ការកាត់សក់ គឺជាការកាន់ទុក្ខនរណាម្នាក់ តែបើកាត់មុនថ្ងៃសែនចូលឆ្នាំចិនវិញគឺបាន មានន័យថា គឺកាត់រឿងអាក្រក់អាក្រក់ចេញវិញ។

ទី១២ ហាមទៅពិនិត្យសុខភាព ក្នុងន័យនេះមានន័យថា​ កុំទៅពិនិត្យសុខភាពក្នុងថ្ងៃចូលឆ្នាំចិន ៣ថ្ងៃតែប៉ុណ្ណោះ បើមិនចាំបាច់៕

Leave a Reply

Your email address will not be published. Required fields are marked *