តារាកំប្លែងជើងចាស់ នាយព្រីង ទុំ កើតជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំង រហូតកាត់ជើងម្ខាង ហើយប្រឈមនឹងខូចក្រលៀន គ្មានអ្នកណាអើពើ ដូចតារាល្បីល្បី
តារាកំប្លែងជើងចាស់ និងជាតួអង្គយក្សល្ខោនបាសាក់ នាយ ព្រីង ទុំ កាលពីពេលថ្មីថ្មីនេះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យ បន្ទាប់ពីជំងឺទឹកនោមផ្អែមធ្វើទុក្ខខ្លាំង រហូតឈានដល់ការវះកាត់ជើងម្ខាង។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីកូនប្រុសតារាកំប្លែងជើងរូបនេះ។
កូនប្រុសតារាកំប្លែងនាយ ព្រីង ទុំ បានប្រាប់ឲ្យដឹងពីស្ថានភាពជំងឺរបស់ឪពុកថា ក្រោយទទួលបានការព្យាបាលពេលនេះ ឪពុករបស់លោកបានវះកាត់ជើងមួយចំហៀងរួចរាល់ហើយ ខណៈដែលស្ថានភាពជំងឺក៏បានធូរស្រាលបន្តិចហើយ។ លោកបន្តថា ឪពុកខ្លួនមានជំងឺមួយចំនួនដូចជា ទឹកនោមផ្អែម លើសឈាម ឡើងអាស៊ីដ បេះដូងទើបតែធ្វើទុក្ខខ្លាំងរហូតដំបៅជើងរលួយ ដែលក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ជើងមួយចំហៀងក្រោមជង្គង់បន្តិច។
លោកបានរៀបរាប់ឲ្យដឹងទៀតថាប៉ាបានធូរស្បើយបន្តិចហើយ សង្ឃឹមថាប៉ានឹងឆាប់បានត្រឡប់ទៅផ្ទះវិញ ជំងឺទឹកនោមផ្អែមដំបៅជើងត្រូវវះកាត់ជើង សង្ឃឹមថាអ្វីគឺនឹងល្អប្រសើរខ្លួនទីពឹងខ្លួន គឺកូននិងប្រឹងឲ្យអស់ពីលទ្ធភាពមើលថែប៉ា គេផ្សេងយើងផ្សេងគ្មានអ្នកមើលឃើញទេ ណាមួយមកពីនិស្ស័យផលបុណ្យរបស់ប៉ា គ្មានដូចគេ គេឈឺ គេមានជួយជ្រោមជ្រែងប៉ាឈឺ គឺពឹងលើខ្លួនឯង។
កូនប្រុសនាយ ព្រីង ទុំ បានបញ្ជាក់ឲ្យដឹងទៀតថា ជីវិតពេលយើងនៅមានប្រយោជន៍ គឺមានតម្លៃពេលអស់សមត្ថភាពគឺតម្លៃស្មើសូន្យសូម្បីតែសួរសុខទុក្ខក៏គ្មានដែរ តែមិនអីទេប៉ា ប៉ានឹងឆាប់វិលទៅផ្ទះយើងវិញ។
សូមជម្រាបថា ស្ថិតក្នុងវ័យ៦៣ឆ្នាំ នាយព្រីង ទុំ ត្រូវបានមហាជនស្គាល់ថាលោកជាតារាកំប្លែងមួយរូប ដែលតែងតែធ្លាប់បង្ហាញវត្តមានសម្តែងជាញឹកញាប់ជាមួយក្រុមកំប្លែងនាយ កុយ និងនាយ ក្រឹមផងដែរ ហើយលោកក៏ធ្លាប់បានចូលសម្តែងនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍បាយ័នទៀតផង
ក្រៅពីអាជីពកំប្លែងនោះ នាយ ព្រីងទុំ ក៏ជាតួអង្គយក្សល្ខោនមួយរូបផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏បានបាត់វត្តមានពីឆាកសម្តែងនានាស្ទើរទាំងស្រុង ដោយសារតែលោកបានរួមរិតជាមួយនឹងជំងឺជាច្រើនមុខ ។
ពាក់ព័ន្ធការធ្លាក់ខ្លួនឈឺនាពេលនេះដែរ កូនប្រុសរបស់នាយ ព្រីង ទុំ បានអះអាងថា កន្លងមកក៏មានសប្បុរសជននានា ជាពិសេសលោក អ៊ឹម ជីវ៉ា បាននាំយកអំណោយមកជួយឪពុកលោកជាបន្តបន្ទាប់ ជាពិសេសសមាគមសិល្បះករ ប៉ុន្តែក្រោយពីប្តូរប្រធានថ្មីឪពុកលោកមិនទាន់ទទួលបានការជួយពីសមាគមនៅឡើយទេ