ប្តីកុហក់ប្រពន្ធថាទៅធ្វើការតាមខេត្ត ប្រពន្ធមិនទុកចិត្ត លួចជិះម៉ូតូតាមពីក្រោយ ស្រាប់តែឃើញប្តីកំពុង ដេកអោបស្រីស្នេហ៍ក្នុងបន្ទប់ជួល រួចយកខ្សែចងទ្វារពីក្រៅ ហើយស្រែកឆោឡោផ្អើលដល់អាជ្ញាធរ

បុរសម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធអះអាងថា ខិលខូចរឿងស្រីញី ក្បត់ចិត្តប្រពន្ធម្តងហើយម្តងទៀត មិនចេះកែខ្លួនសោះ រហូតធ្វើឱ្យប្រពន្ធអស់ទំនុកចិត្ត។

លុះចុងក្រោយ ប្តីបានប្រាប់ថា ទៅបើករថយន្តឱ្យគេ នៅឯខេត្តកំពត ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ តែស្ត្រីជាប្រពន្ធមិនជឿ ក៏តាមដាន ឃើញប្តីកំពុងដេកឱបស្រីស្នេហ៍នៅក្នុងបន្ទប់ជួល នៅភ្នំពេញ ទើបស្ត្រីជាប្រពន្ធ បានយកខ្សែចងទ្វារបន្ទប់ជាប់ រួចស្រែកឆោឡោហៅ អាជ្ញាធរ និងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍។

ករណីប្តីកុហកទៅធ្វើការ ប្រពន្ធតាមទាន់ដេកឱបស្រីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចបន្ទប់ជួលមួយកន្លែង តាមផ្លូវបេតុង ស្ថិតក្នុងភូមិត្រ ពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្តីប្រពន្ធ ១គូនេះ ពុំត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ពួកគាត់រស់នៅឯស្រុកកោះធំ ក្នុងទឹកដីខេត្តកណ្តាល ហើយក្រោយពេលអាជ្ញាធរភូមិ និងប្រជាការពារភូមិ ទៅសម្របសម្រួល និងការពារមិនឱ្យកើត មានអំពើហិង្សា ពួកគាត់ទាំង២នាក់ រួមទាំងស្រីស្នេហ៍របស់ប្តី បាននាំគ្នា ចាកចេញទៅបាត់អស់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសជាប្តីនោះ បានលួចលាក់មានស្នេហាជាមួយស្រីក្មេង ក្បត់ចិត្តប្រពន្ធ ហើយកន្លងមកបានឆ្លៀតជួប​ជាមួយនារីម្នាក់ ក្នុងបន្ទប់ជួលខាងលើនេះ និងធ្លាប់ត្រូវបាន ប្រពន្ធតាមទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលម្តងរួចមកហើយ តែប្តីសន្យាឈប់ក្បត់ហើយ បន្ទាប់មកក៏ស្ងាត់មួយរយៈ។

ដោយសារតែប្តីធ្វើឱ្យប្រពន្ធអស់ទំនុកចិត្ត ម៉្យាងទៀតការរស់នៅមិនសូវចុះសម្រុងនឹងគ្នាដូចមុន ទើបស្ត្រី ជាប្រពន្ធ លែងសូវជឿសម្តីប្តី និងព្យាយាមតាមដានប្តីគ្រប់ជំហាន។

ប្រភពដរដែល បន្តថា លុះដល់ថ្ងៃកើតហេតុ បុរសជាប្តី បានប្រាប់ស្ត្រីជាប្រពន្ធថា ទៅបើករថយន្តឱ្យគេ នៅឯខេត្តកំពត រួចក៏ជិះម៉ូតូ ១គ្រឿង ចាកចេញពីផ្ទះបាត់ទៅ។

ប៉ុន្តែក្រោយចេញផុតពីផ្ទះ បុរសជាប្តី មិនបានទៅខេត្តកំពតទេ បែរជាមកភ្នំពេញ ជួបស្រីស្នេហ៍នៅក្នុងបន្ទប់ជួលទៅវិញ។ ចំណែកស្ត្រីជាប្រពន្ធ បានតាមដានប្តីកំហូចជាប់រហូត ទីបំផុតខណៈប្តីកំពុងដេកឱបស្រីស្នេហ៍នៅក្នុងបន្ទប់ ស្រាប់តែប្រពន្ធបាន តាមទាន់តែម្តង ទើបស្ត្រីជាប្រពន្ធ បានយកខ្សែមកចងទ្វារបន្ទប់ជួល ដែលប្តីនិងស្រីស្នេហ៍កំពុង ដេកឱបគ្នានោះ ពីខាងក្រៅជាប់ រួចស្រែកឆោឡោ និងប្តឹងអាជ្ញាធរភូមិ និងប្រជាការពារភូមិ ឱ្យជួយអន្តរាគមន៍ បង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុ អាជ្ញាធរភូមិ និងប្រជាការពារភូមិ បានចុះទៅកាន់ទីតាំងកើតហេតុភ្លាមភ្លាម ដើម្បីការពារ កុំឱ្យកើតមានអំពើហិង្សាដោយប្រការណាមួយ។

បន្ទាប់ពីអាជ្ញាធរចុះមកសម្របសម្រួល ដោយស្ត្រីជាប្រពន្ធ បានទាមទារឱ្យប្តីផ្តិតមេដៃលែងលះ ហើយបុរស ជាប្តី ក៏បានយល់ព្រម។ ប៉ុន្តែគ្រាន់តែអាជ្ញាធរស្រាយខ្សែ បើកទ្វារ ស្រាប់តែបុរសនោះបានដើរចេញក្រៅ រួចប្រញាប់ប្រញាល់អូសម៉ូតូជិះចេញទៅបាត់ ហើយស្ត្រីជាប្រពន្ធ ក៏បានទៅតាមប្តី។ ចំណែកស្រីស្នេហ៍ក៏ចាកចេញទៅបាត់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *