ម្ចាស់ផេកអាក្លូ ប្រឈមជាប់ពន្ធនាគារ ពី១ឆ្នាំដល់៣ ឆ្នាំ និងពិន័យជាប្រាក់ពី២លានដល់៦លានរៀល តាមច្បាប់ព្រហ្មទាន់ ខណៈពេលនេះលោកជីដេវីត មិនត្រឹមតែដាក់ពាក្យប្តឹងទៅកាន់តុលាកាទេ ថែមទាំងដាក់ពាក្យប្តឹងទៅកាន់អង្គការយូនីស៊ែប ទៀតផង
លោក ងួត ចាន់ដាវិត ហៅជីដេវីត បានដាក់បណ្តឹងទៅអង្គការយូនីស៊ែប នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព ក្រោយហ្វេសប៊ុកផេកឈ្មោះ អាក្លូ បានផ្សាយវីដេអូជាមួយខ្លឹមសារប្រមាថយ៉ាងអសីលធម៌លើក្រុមគ្រួសារខ្លួនថា មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
យោងតាមលិខិតប្រកាសនៅរសៀលថ្ងៃទី ១០ ខែកុម្ភនេះ បានជម្រាបជូនសាធារណជនថា កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ បានបង្ហោះវីដេអូ មានចំណងជើងថា ឌីសរាក់កំភែល ដោយក្នុងវីដេអូនោះ បាននិយាយប្រមាថយ៉ាងអសីលធម៌ថា មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ
ការនិយាយបែបនេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត ហៅជីដេវីតនិងអ្នកនាង ទេព បូព្រឹក្ស។
សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
ម៉្យាងវិញទៀត ការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូចខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្ដីថ្លៃថ្នូររបស់លោក ងួន ចាន់ដាវិត ហៅជីដេវីតព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ។
ដោយហេតុនេះ ក្នុងគោលជំហរការពារ និងលើកកម្ពស់សិទ្ធិកុមារ រួមទាំងកិច្ចការពារសិទ្ធិបុគ្គល ពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូរ និងការពារសិទ្ធិរបស់លោក ងួន ចាន់ដាវិត ហៅជីដេវីត មេធាវីតំណាង បានបញ្ជាក់តាមរយៈលិខិតប្រកាសដែលមានខ្លឹមសារថា
ទី១ ក្នុងស្មារតីចូលរួមពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិជាសារវន្ត ក៏ដូចជា អនុវត្តតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាស់តឿនដល់អ្នកដែលចង់បានចំណាប់អារម្មណ៍លើបណ្ដាញសង្គម សូមកុំធ្វើឱ្យប៉ះពាល់ដល់បុព្វបុរស សាសនា និងវប្បធម៌របស់យើង។
លោក ងួន ចាន់ដាវិត ហៅជីដេវីតបានដាក់បណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ ដោយមិនមានការលើកលែងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាក្លូ និងអ្នកពាក់ព័ន្ធឡើយ។
ទី២ កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពអំពើរបស់មនុស្សពេញវ័យជានីតិជននោះទេ ហើយរាល់សកម្មភាព ឬអំពើ របស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគោលធំទាំងបួនរបស់កុមារនោះឡើយ។ លោក ងួន ចាន់ដាវិត ហៅជីដេវីតបានដាក់បណ្តឹងទៅអង្គការ យូនីស៊ែបនៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព
សូមបញ្ជាក់ថា បើយោងតាមច្បាប់ព្រហ្មទាន់ នៃប្រទេសកម្ពុជាឆ្នាំ២០០៩ ក្នុងមាត្រា៤៩៦ បទញុះញង់អោយមានការរើសអើង បានបញ្ជាក់ថា អំពើញុះញុងដោយផ្ទាល់ តាមមធ្យោបាយណាមួយ ដែលមានចែងក្នុង មាត្រា ៤៩៤ លក្ខខណ្ឌអត្ថិភាពនៃការញុះញុង នៃក្រមនេះ ឱ្យប្រព្រឹត្ត ការរើសអើង ការគុំកួន ឬហិង្សា ចំពោះបុគ្គលណាម្នាក់ ឬក្រុមណាមួយ ដោយមូលហេតុបុគ្គលនេះ ជាសមាជិក ឬមិនមែនជាសមាជិក នៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយជាកំណត់នោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ពីរលានរៀល ទៅប្រាំមួយលានរៀល ប្រសិនបើការញុះញង់នេះ គ្មានប្រសិទ្ធភាពទេ។