ករណីអ្នកនាងខាត់ សុឃីម បង្ហោះសារដាស់តឿនឲ្យអ្នកលេងភ្លេងខ្មែរបង្កើនការប្រុងប្រយ័ត្ន ព្រោះមានចោរប្លន់ម៉ូតូ ពេលនេះត្រូវលោកជួន ណារិន្ទ ស្រាវជ្រាវរកឃើញថា តាមពិត ម្ចាស់ម៉ូតូ បានយកម៉ូតូនោះទៅលក់យកលុយចាយ រួចកុហកគ្រួសារថា ត្រូវបានចោរប្លន់ទៅវិញ
ក្រោយពីបានឃើញការផ្សព្វផ្សាយថា មានករណីចោរប្លន់អ្នកលេងភ្លេងប្រពៃណីខ្មែរ លោក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា លោកបាន បញ្ជាឱ្យសមត្ថកិច្ចស្រាវជ្រាវលើករណីនេះជាបន្ទាន់ ក្នុងនោះជាលទ្ធផលបានបង្ហាញថា ម្ចាស់ម៉ូតូ បានយកម៉ូតូទៅលក់ ក្នុងតម្លៃ៩៣០ដុល្លារសហរដ្ឋអាមេរិក រួចហើយក៏កុហកគ្រួសារថា ត្រូវបានចោរប្លន់។
ក្រោយពីសមត្ថកិច្ចបានស្រាវជ្រាវលើករណីនេះរួចរាល់ លោក ជួន ណារិន្ទ សរសេរលើទំព័រហ្វេសប៊ុក ដូច្នេះ ថាកាលពីថ្ងៃអាទិត្យ ទី៩ ខែ២ ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។
អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯងបានលុយ៩៣០ដុល្លា ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់។
លោកស្នងការរាជធានីភ្នំពេញ ចាត់ទុកការដែលម្ចាស់ម៉ូតូយកម៉ូតូទៅលក់ រួចហើយកុហកក្រុមគ្រួសារ រហូតកើតមានការផ្សព្វផ្សាយជាសាធារណៈថា ត្រូវចោរប្លន់ នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ថាជាការបំពុលសង្គម។
ចំពោះករណីការផ្សាយថា មានចោរប្លន់ទាំងដែលសាមីខ្លួន យកម៉ូតូទៅលក់បែបនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានចោទសួរតាមរយៈទំព័រហ្វេសប៊ុកថា តើត្រូវគិតយ៉ាងម៉េចវិញ តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជន ដើម្បីជៀសវាងការភ័យខ្លាច ដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ
គួរឱ្យដឹងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ទំព័រហ្វេសប៊ុក ឈ្មោះ ខាត់ សុឃីម បានអំពាវនាវតាមរយៈទំព័រហ្វេសប៊ុកថា សូមបងប្អូនអ្នកសិល្បៈភ្លេងខ្មែរបង្កើនការប្រុងប្រយត្ន័ ពេលជិះម៉ូតូជិតភ្លឺទៅលេងភ្លេងកុំឈប់ កន្លែងស្ងាត់ស្ងាត់អី ព្រោះលឺដំណឹងថាព្រឹកមិញ គេប្លន់ម៉ូតូអ្នកភ្លេងខ្មែរមួយគ្រឿងម្តុំក្រាំងធ្នង់
យ៉ាងណា លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ចរបស់លោកតាមរយៈការដាក់ពាក្យបណ្ដឹង ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕